ឧកញ៉ា នួន រិទ្ធី ៩ចំណុចសំខាន់ៗអ្នកត្រូវដឹងមុនពេលទិញដីឡូតិ៍
តាមប្រសាសន៍លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមហ៊ុនអចលនទ្រព្យ KFA មុននឹងសម្រេចចិត្ដទិញដីឡូតិ៍ដើម្បីទុកចំណេញ ឫទិញដើម្បីសង់ផ្ទះត្រូវមើលទៅលើ ៩ចំណុចនេះ៖
ទីតាំង៖ មុននឹងសម្រេចចិត្ដទិញអ្នកសួរខ្លួនឯងថាទិញដើម្បីរស់នៅ ឫទិញដើម្បីទុកលក់យកចំណេញ ការជ្រើសរើសទីតាំងគឺចាំបាច់ណាស់ ប្រសិនបើទីតាំងនោះមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ទេ បើទុករស់នៅក៏ពិបាករស់នៅ បើទុកលក់យកចំណេញក៏ពិបាក់លក់ចេញដែរ។
ពេលវេលាសមស្រប៖ គម្រោងដីឡូតិ៍និមួយៗមានប្រម៉ូសិននៅពេលចាប់បើលក់គម្រោងជាលើកដំបូង ដូច្នេះវាជាឱកាសសម្រាប់អ្នកដែលអាចទទួលបានតម្លៃពិសេសៗ និងអាចជ្រើសរើសទីតាំងបានមុនគេ។
តម្លៃ៖ បន្ទាប់ពីជ្រើសរើសទីតាំងបានល្អហើយ អ្នកក៏ត្រូវប្រៀបធៀបពីតម្លៃថាទីតាំងនៅតំបន់នឹង មានតម្លៃប៉ុណ្ណឹងសមស្របនិងតម្លៃទីផ្សារដែរឫអត់ ហើយអ្នកមានលទ្ធភាពអាចទិញក្នុងតម្លៃនឹងបានដែរឫទេ។
ឯកសារផ្លូវច្បាប់៖ បញ្ហាធំបំផុតនៅពេលដែលអ្នកទិញដីឡូតិ៍មិនស្របច្បាប់ ដូច្នេះដើម្បីកុំអោយមានការខាតបង់ប្រាក់កាសអ្នកត្រូវជ្រើសរើសក្រុមហ៊ុនដែលស្របច្បាប់ និងនៅពេលអ្នកទិញមានការបំបែកប្លង់កម្មសិទ្ធិ(ប្លង់រឹង)បានត្រឹមត្រូវ។
ប្លង់មេរបស់គម្រោង៖ គម្រោងនិមួយៗគឺមានប្លង់មេរៀងខ្លួន ថាតើប្លង់មេរបស់គាត់ស្របតាមបទដ្ឋានគតិយុទ្ធដែលច្បាប់បានកំណត់អោយដែរឫទេ។
ហេដ្ឋារចនាសម្ព័ន្ធ៖ គម្រោងពុះដីឡូតិ៍ដែលត្រឹមត្រូវគឺ មានផ្លូវ លូ ទឹក ភ្លើង ពីព្រោះបច្ចុប្បន្ននេះការរស់នៅមិនអាចខ្វះកត្ដាទាំង ៤នេះបានទេនៅពេលដែលអ្នកយកទៅធ្វើជាលំនៅឋាន ឫបើអ្នកចង់ទិញសម្រាប់វិនិយោគក៏មិនអាចខ្វះបានដែរ។
លក្ខខណ្ឌហិរញ្ញវត្ថុ៖ អ្នកត្រូវដឹងថាតើគម្រោងនឹងមានផ្ដល់លក្ខខណ្ឌហិរញ្ញវត្ថុសមរម្យដល់អ្នកដែរទេ ឫបើអ្នកទិញដីនោះហើយអ្នកអាចខ្ចីលុយពីធនាគារបានដែរឫទេប្រសិនដីនោះមានប្លង់រឹង។
ចំងាយ៖ យើងឃើញហើយថាបច្ចុប្បន្នការពុះដីឡូតិ៍គឺមិនមាននៅក្នុងទីក្រុងនោះទេ គឺមាននៅតាមជាយក្រុង ដូច្នេះអ្នកត្រូវដឹងថាចំងាយប្រមាណពីទីក្រុងភ្នំពេញដែលអ្នកអាចទិញបាន ដោយសារតែបច្ចុប្បន្នរាជរដ្ឋាភិបាលមានគម្រោងពង្រីកទីក្រុងដែលមានចំងាយ ៣០គីឡូម៉ែត្រពីផ្ចិតនៃរាជធានីភ្នំពេញ។
លក្ខណៈសម្បត្ដិក្រុមហ៊ុន៖ មុននឹងសម្រេចចិត្ដទិញដីអ្នកត្រូវដឹងថាតើក្រុមហ៊ុនដែលអ្នកទិញនោះ អាចទុកចិត្ដបានដែរឫទេ តើក្រុមហ៊ុនគាត់បានធ្វើតាមការសន្យាជាមួយអ្នកដែរឫទេ? កត្ដាទាំងអស់នេះហើយដែលអាចជួយអ្នកវិនិយោគមិនបរាជ័យ ឫកុំអោយអ្នកទិញដីរួចហើយបែរជាមិនអាចសង់ផ្ទះនៅបាន៕

Comments
Post a Comment